Russia and USA

រុស្ស៊ី​និង​ស៊ីរី​បន្ត​វាយ​ប្រហារ​អាឡិបប៉ូ ​ថ្វី​បើសន្យា​ការស្តារ​បទ​ឈប់​បាញ់​ជាថ្មី​


ក្រុងបេរូតៈ យន្ត​ហោះ​ចម្បាំង ស៊ីរី និង​រុស្ស៊ី បាន​ធ្វើការ​វាយ​ប្រហារ​ថ្មី​ៗ​លើ​ខណ្ឌ​ជាច្រើន​នៃ​ក្រុង​អាឡិបប៉ូ ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម កាល​ពី​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​ មួយ​ថ្ងៃ​បន្ទាប់ពី​ក្រុម​មហា​អំណាច​ពិភព​លោក​ បាន​សន្យា​ព្យាយាម​ជាថ្មី​ម្តង​ទៀត​ដើម្បី​ចរចា​បទឈប់​បាញ់​ជាប់​លាប់​មួយ​សម្រាប់​ស៊ីរី ដែល​បំផ្លិច​បំផ្លាញ​ដោយ​សង្គ្រាម​ ដោយ​ធ្វើការ​ពិភាក្សា​ពហុភាគី​ នៅចុង​សប្តាហ៍​នេះ​នៅ​អឺរ៉ុប។
ការ​វាយឆ្មក់​នេះ កើត​មាន​ឡើង ក្រោយ​ពីការ​ទម្លាក់​គ្រាប់បែក​ដ៏​ខ្លាំងក្លា​ពី​រថ្ងៃ​មុនដែល​សម្លាប់​ជន​ស៊ីវិល​យ៉ាងតិច ៧១ នាក់។ ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរី បាននិ​យាយថា ការ​​ទម្លាក់​គ្រាប់​បែក​ជាង ២០ លើក​ បាន​វាយប្រហារ​ភាគ​ខាងកើត​នៃក្រុង​អាឡិបប៉ូ ​ពីព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​ ប៉ុន្តែ​ពុំទាន់​មាន​របាយការណ៍​នៃការ​ស្លាប់ និង​របួស​នៅ​ឡើយ។ ទូរទស្សន៍រដ្ឋ​បាន​និយាយ​ថា កុមារ ៤នាក់ ត្រូវបាន​សម្លាប់​ដោយ​ ការ​បាញ់​រ៉ុក្កែត​របស់​ឧទ្ទាម​ដែលចំ សាលា​រៀន​មួយ​ក្នុងខណ្ឌ​ដែល​រដ្ឋា​ភិ​បាល​គ្រប់គ្រង​ពីព្រលឹមថ្ងៃ ព្រ​ហស្បតិ៍។
ការ​ទម្លាក់​គ្រាប់​បែក​នោះត្រូវ​បាន​អម​ដោយ​ការរុលចូល​ជាថ្មី​របស់​រដ្ឋាភិបាល​ទៅក្នុង​ជាយ​ក្រុង​ភាគ​ឦសាន​ ​ដែល​​កង​ទ័ពបាន​កាន់​កាប់​តំបន់​ភ្នំជា​ច្រើន​។ ស៊ីរី ត្រូវ​បានធ្លាក់​ចូល​ទៅក្នុង​ហិង្សា​អាក្រក់​បំផុត​ខ្លះនៃ​សង្គ្រាម​ស៊ីវិល ៥ ឆ្នាំនេះ​បន្ទាប់​ពីបទ​ឈប់បាញ់ មិន​ប្រកាន់​ខ្ជាប់​បាន​ដួលរលំ​ខណៈ កម្លាំង​រដ្ឋា​ភិ​បាល​ដែល​គាំទ្រ​ដោយ កម្លាំង​អាកាស​រុស្ស៊ី បាន​ជំរុញ​ការ​វាយ​ប្រហារ​ព្រៃផ្សៃ​មួយ​លើភាគ​ខាង​កើត​អាឡិប​ប៉ូ ដែល​គ្រប់គ្រង​ដោយ​ឧទ្ទាម។
ក្រុង​ម៉ូស្គូ និង​ក្រុង​វ៉ាស៊ីន​តោន បាន​សន្យា​ជាថ្មី​​ម្តងទៀត​ ធ្វើការ​ពិភាក្សា​ពហុភាគី​នាចុង​សប្តាហ៍ នេះ​នៅទ្វីប​អឺរ៉ុប បន្ទាប់​ពីការ​ប៉ុនប៉ង​ចុង​ក្រោយ បាន​ដួល​រលំ​ចំពេល​មានការ​ជេរស្តី​ដ៏ជូរចត់។ ពេល​នេះ មានការ​ជំរុញ​មួយ​ដើម្បី ផ្តល់​ឱកាស​ឲ្យ​ការងារ​ទូត​ម្តង​ទៀត​ដោយ​ប្រកាស​ពីថ្ងៃ​ពុធ អំពី កិច្ច​ពិភាក្សា​ពីរ​ថ្ងៃនៅ​ក្រុង​លូសាន នៅថ្ងៃ​សៅរ៍ និងនៅ​​ក្រុងឡុងដ៍​នាថ្ងៃ​អាទិត្យ។
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក​ចន ឃើ​រី និង​សម​ភាគីរុស្ស៊ី​លោក ស៊ើហ្គេយ៍ ឡាវ​រ៉ូវ ត្រូវ​បាន គេ​រំពឹងថា នឹង​ចូលរួម​ពី​សមភាគី មកពី​តួកគី អារ៉ាប៊ីសាអ៊ូ​ឌីត និង​កាតា ដែល​សុទ្ធ​តែជា​អ្នក​គាំទ្រ​ក្រុម​ប្រឆាំង​ស៊ីរី​នៅ​ក្រុង​លូសាន។
នៅ​ក្រុង​ឡុងដ៍ លោក​ឃើរី ​ ទំនង​ជាជួប​ជាមួយ​នឹង​សម​ភាគី អឺរ៉ុប ដូច​ជាអង់គ្លេស បារាំង និង​អាល្លឺម៉ង់។ អ.ស.ប. បាននិ​យាយថា ប្រេសិត​ប្រចាំ​ស៊ីរី លោក Staffan de Mistura ត្រូវបាន​អញ្ជើញ​ឲ្យ ចូលរួម​ក្នុង​កិច្ចពិភាក្សា​នោះប៉ុន្តែ​ អ្នក​នាំពាក្យ​ម្នាក់​ បាននិ​យាយថា លោក​មិន​ដឹងថា លោក​នឹងចូល​រួមជំនួប​ពីរក្រុង​នោះ ឬយ៉ាង​ណា​នោះទេ៕

Comments

Popular posts from this blog

Yemen food crisis leaves millions at risk of starving

GDP growth of Cambodia 7.0 % in 2015

Sok Siphanna wants to invite Jack Ma to Cambodia to talk Business Maping